Wednesday, August 19, 2020

ហេតុអ្វីជំនួញអ្នកបរាជ័យ?


ហេតុអ្វីជំនួញអ្នកបរាជ័យ?


ជាធម្មតា អ្វីដែលអ្នកជំនួញមិនចង់គិតដល់គឺ​​ ភាពមិនជោគជ័យនៃអាជីវកម្មរបស់ខ្លួន។ តើអ្នកដឹងថាអ្វីខ្លះជាហេតុផល ដែលនាំឱ្យអាជីវកម្មដែលទើបនឹងចាប់ផ្ដើម ទទួលបរាជ័យ? ថ្ងៃនេះ Focus Coffee Plus នឹងនាំអ្នកទៅស្វែងយល់ពីកត្តាសំខាន់ៗ ដែលអ្នកគួរជៀសវាង នៅពេលចាប់ផ្ដើមនិងប្រកបអាជីវកម្ម។  
១. អ្នកចាប់ផ្ដើមជំនួញរបស់អ្នក ក្នុងគោលបំណងដែលខុសឆ្គង 
កត្តាចំបងដែលធ្វើឱ្យអាជីវកម្មបរាជ័យ ភាគច្រើនជាប់ពាក់ព័ន្ធទៅនឹងម្ចាស់អាជីវកម្មផ្ទាល់តែម្ដង។ នៅពេលពួកគេគិតថាលុយជារឿងសំខាន់ ហើយការដែលប្រកបរបររកស៊ី ជាអ្វីដែលពួកគេអាចឆាប់រកចំណូលបានច្រើន ជាហេតុផលចម្បងដែលធ្វើឱ្យមុខជំនួញធ្លាក់ទឹក។​ អាជីវកម្មដែលទទួលបានជោគជ័យ គឺកើតចេញពីទឹកចិត្តស្រលាញ់ ជំនឿជឿជាក់ និងការស្វែងយល់សិក្សា នូវផលិតផលនិងសេវាកម្ម ដែលជាតម្រូវការក្នុងទីផ្សារបច្ចុប្បន្ន។  
២. ការគ្រប់គ្រងដែលគ្មានគុណភាព 
ម្ចាស់អាជីវកម្មថ្មីថ្មោងអាចមានភាពលំបាក ក្នុងការគ្រប់គ្រងមុខរបររបស់ខ្លួន ដោយសារពួកគេគ្មានឬនៅស្ទើរបទពិសោធន៍ ក្នុងគ្រប់គ្រងផ្នែកផ្សេងៗដូចជា ហិរញ្ញវត្ថុ ការទិញលក់ ផលិតកម្ម ការជួលនិងគ្រប់គ្រងបុគ្គលិក។ ភាពបរាជ័យនៃមុខជំនួញបណ្ដាលមកពី កង្វះខាតចំណេះដឹងនៃការរៀបចំ ការរៀបផែនការ និងការបញ្ជាក្នុងប្រតិបត្តិការទាំងអស់ ដែលរួមមានការស្រាវជ្រាវទីផ្សារ និងទិន្នន័យអតិថិជន។ អសមត្ថភាពក្នុងការគិតបែបយុទ្ធសាស្ត្រ ចក្ខុវិស័យ ការប្រឈមនឹងការផ្លាស់ប្ដូរនាថ្ងៃអនាគត ក៏ជាបញ្ហាដែលរុញឱ្យអាជីវកម្មទាល់ផងដែរ។  
៣. មិនចេះគ្រប់គ្រងហិរញ្ញវត្ថុ
សហគ្រិនថ្មីថ្មោងខ្លះខ្វះការយល់ដឹងពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុ ពោលគឺគាត់ប្រើប្រាស់គណនីផ្ទាល់ខ្លួន ឡូកឡំជាមួយគណនីសម្រាប់ការរកស៊ី អាស្រយ័ហេតុនេះហើយទើបពួកគាត់មិនអាចតាមដានបានដិតដល់ពីចំណូលចំណាយអាជីវកម្មដែលជាការធ្វេសប្រហែសមួយ។

តើ​ជំនួញ​គឺ​ជា​អ្វី?


តើជំនួញគឺជាអ្វី?
ជំនួញ​គឺ​ជាពាក្យ​ដែល​គេ​និយម​ប្រើ​ប្រាស់​នៅ​ក្នុង​ភាសា​ជា​ច្រើន។ ចុះ​តើ​ពាក្យ​នេះ​មាន​ន័យ​យ៉ាង​ណា​ឲ្យ​ប្រាកដ​ទៅ? ផ្នត់​គំនិត និង​ សកម្ម​ភាព​របស់​ជំនួញបាន​រីក​ចំរើន​ឡើង​នៅ​ក្នុង​សម័យ​ទំនើប។ កាល​ពីដំបូង​ឡើយ ពាក្យ​ថា​ជំនួញ​គ្រាន់​តែ​និយាយ​សំដៅ​ដល់​ការ​ដោះ​ដូរ ឬ ជួញ​ដូរ​សម្រាប់​វត្ថុដែល​មនុស្ស​ចង់​បាន​ ឬ​ ត្រូវ​ការប៉ុណ្ណោះ។ បច្ចុប្បន្ន ពាក្យ​នេះ​មាន​អត្ថន័យ​ទៅ​តាមបច្ចេក​ទេស​ម្យ៉ាង​ទៀត។ អត្ថន័យ​មួយ​នៃ​ពាក្យ​ជំនួញ​គឺ ការ​ផលិត ការ​ដឹក​ជញ្ជូន និង​ ការ​លក់​ផលិត​ផលនិងសេវាកម្ម​ដើម្បី​ផល​ចំនេញ។ ដើម្បី​ធ្វើ​ពិសោធន៍​ទៅ​លើ​អត្ថន័យនេះ យើង​នឹង​មើល​ទៅ​ផ្នែក​ផ្សេង​ៗ​របស់​វាទាំង​អស់​គ្នា។
ផលិត​កម្ម​ គឺ​ជា​ការ​បង្កើត​នូវ​សេវា​ទាំង​ឡាយ ឬ ជា​ការ​ប្តូរ​វត្ថុ​ធាតុ​ដើម​ទៅ​ជា​ផលិត​ផល។ ជា​ឧទាហរណ៍​ គឺការ​ប្តូរ​រ៉ែ​ដែក​ឲ្យ​ទៅ​ជា​បំណែក​ផ្សេង​ៗ​របស់​ឡាន។ បន្ទាប់​មក​ទៀត​ផលិត​ផល​ទាំង​នេះ​ត្រូវការ​ការផ្ទេរ​ពី​រោង​ចក្រ​ទៅ​កាន់​ទី​ផ្សារ។ អំពើរនេះ​ហៅ​ថា ការ​ដឹក​ជញ្ជូន។ ដូច​ជាឡាន​មួយ​ ដែល​គេ​ត្រូវ​ដឹក​ពី​រោក​ចក្រ​នៅ​ក្រុង​ឌីត្រយ ទៅ​កាន់​ឈ្មួញ​នៅ​រដ្ឋ​មីយ៉ាមីជាដើម។
ទីបី គឺ​ការ​លក់​ផលិតផល​ ឬ​ សេវាកម្ម។ ការលក់​ គឺ​ជា​ការ​ផ្លាស់​ប្តូរ​ផលិត​ផលមួយ ឬ​សេវាកម្ម ដើម្បី​ប្រាក់។ គេ​លក់​ឡាន​មួយ​ទៅ​ឲ្យ​អតិ​ថិ​ជន​ដើម្បី​ទទួល​បាន​ប្រាក់។ ទំនិញ​ជា​ផលិត​ផល​ដែល​មនុស្ស​ត្រូវ​ការ​ ឬ​ចង់​បាន។ ជា​ឧទាហរណ៍​គឺ ឡាន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ទំនិញ​មួយ។ រីឯ​សេវាកម្ម គឺ​ជា​សកម្ម​ភាព​ទាំង​ឡាយ​ណា ដែល​មនុស្ស​ម្នាក់​ ឬ​ក្រុម​មួយ​ បង្កើត​ឡើង​សម្រាប់​មនុស្ស​ម្នាក់​ផ្សេង​ទៀត ឬ​អង្គការ​មួយ។ ឧទាហរណ៍៖ ជាង​ជួស​ជុល​ឡាន​បង្កើត​នូវ​សកម្ម​ភាព​ជា​សេវាកម្ម​មួយ នៅ​ពេល​ដែល​គាត់​ជួស​ជុល​ឡាន ហើយ​វេជ្ជបណ្ឌិត​ម្នាក់​ ក៏​បង្កើត​នូវ​សកម្ម​ភាព ដែល​ជា​សេវាកម្ម​មួយ​ផង​ដែរ​នៅ​ពេល​ដែល​គាត់​ថែ​រក្សា​អ្នក​ជំងឺ។
ដូច្នេះ ជំនួញ គឺ​ជា​ការ​រួម​បញ្ចូល​គ្នា​នៃ​សកម្ម​ភាព​ទាំង​នេះគឺ៖ ការ​ផលិត ការ​ដឹក​ជញ្ជូន និង​ ការ​លក់។ ទោះយ៉ាង​ណា​ក៏​ដោយ ក៏​នៅ​មាន​កត្តា​សំខាន់​មួយ​ទៀត។ កត្តា​នេះ គឺ​ការ​បង្កើត​នូវ​ផល​ចំនេញ​ ឬ Economic surplus ។ គោល​ដៅ​ចម្បង​គេ​ក្នុង​ដំណើរ​ការ​របស់​ក្រុម​ហ៊ុន​ជំនួញ​របស់​អាមេរិកគឺ បង្កើត​ផល​ចំនេញ។ ផល​ចំនេញ​គឺ​ជា​ប្រាក់​ដែល​នៅ​សល់ បន្ទាប់​ពី​ចំណាយ​ទាំង​អស់​ត្រូវ​បាន​បង់​អស់ហើយ។ ការ​បង្កើត ចំនួន​លើស​​ក្នុង​សេដ្ឋកិច្ច (Economic surplus) ឬ ផល​ចំនេញ គឺ​ជា​គោល​ដៅ​ដំបូង​ក្នុង​សកម្ម​ភាព​ជំនួញ។


Tuesday, August 18, 2020

សំនួរពិសេសមួយ​ដែល​អ្នក​ត្រូវ​សួរ​ខ្លួនឯងឲ្យបានរៀងរាល់ថ្ងៃ​


 សំនួរពិសេសមួយ​ដែល​អ្នក​ត្រូវ​សួរ​ខ្លួនឯងឲ្យបានរៀងរាល់ថ្ងៃ​


នៅរៀងរាល់ព្រឹក អ្នកត្រូវក្រោកពីគេង ហើយចាប់ផ្តើមធ្វើកិច្ចការជាច្រើនដែលជាទម្លាប់ប្រចាំថ្ងៃរបស់អ្នក។ ប៉ុន្តែ អ្នកភ្លេចហើយរឺថា តើអ្នកមានបានធ្វើអ្វីខ្លះដើម្បីឲ្យថ្ងៃនេះជាថ្ងៃល្អបំផុតមួយសម្រាប់ខ្លួនឯង?  ឬមួយថា អ្វីដែលអ្នកធ្វើរាល់ថ្ងៃ គឺចេះតែធ្វើតាម អារម្មណ៍ តាមទម្លាប់ ឬតាមការនឹកឃើញរបស់អ្នក?

ទោះបីជាអ្នករស់នៅក្នុងបរិស្ថាន  វណ្ណៈ មជ្ឈដ្ឋាន ឬកាលៈទេសៈផ្សេងគ្នាក៏ដោយ មានសំនួរមួយដែលសំខាន់សម្រាប់មនុស្សគ្រប់គ្នាដែលត្រូវសួរខ្លួនឯងរាល់ថ្ងៃនោះគឺថា " តើថ្ងៃនេះ ខ្ញុំអាចធ្វើឲ្យខ្លួនឯងរីកចម្រើនបានដោយរបៀបណា?"

សំនួរខាងលើនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់។ នៅពេលអ្នកបានសួរខ្លួនឯងនៅរាល់ពេលក្រោកពីទទួលទានដំណេកភ្លាមៗ អ្នកនឹងព្យាយាមស្វែងរកចម្លើយពិតប្រាកដមួយ ហើយពេលអ្នករកឃើញវាហើយ អ្នកនឹងចាប់ផ្តើមធ្វើការងារនោះភ្លាមៗតែម្តង។ បន្ទាប់មក អ្នកនឹងប្រមូលគំនិត ថាមពល និងពេលវេលាផ្តោតលើការងារនោះជាសំខាន់ជាងការងារណាៗទាំងអស់។

លោក Jim Rohn គ្រូបណ្តុះបណ្តាលលើកទឹកចិត្តដ៏ល្បីល្បាញរបស់អាមេរិកបាននិយាយដូច្នេះថា៖ « ប្រឹងប្រែងធ្វើការឲ្យខ្លួនឯង ជាជាងលើការងាររបស់អ្នក។ ប្រសិនបើអ្នកប្រឹងប្រែងដើម្បីការងាររបស់អ្នក  អ្នកបានត្រឹមតែរស់ប៉ុណ្ណោះ។ ប៉ុន្តែបើអ្នកប្រឹងប្រែងធ្វើការឲ្យខ្លួនឯង អ្នកនឹងក្លាយជាអ្នកមាន»។

សម្រង់សម្តីរបស់លោក Jim Rohn ខាងលើគឺជាសំនួរចាក់ដោតមួយដែលថា ជីវិតអ្នកដែលប្រឹងប្រែងធ្វើការឲ្យគេ មិនងាយនឹងបានផលឆាប់ក្លាយជាអ្នកមានឡើយ។ អ្នកដែលអាចសម្រេចក្តីសុបិន្តក្លាយជាអ្នកមានបាន ជាមនុស្សដែលអាចរកឃើញកិច្ចការមួយសម្រាប់ខ្លួនឯងត្រូវធ្វើ ហើយធ្វើដើម្បីខ្លួនឯង ដែលនោះគឺអ្នកជំនួញ ឬអ្នករកស៊ី។ ក្រុមមនុស្សទាំងនេះ មិនធ្វើការដើរតាមក្តីសុបិន្តរបស់អ្នកដទៃឡើយ។ ពួកគេធ្វើការតាមក្តីស្រមៃមហិច្ចតារបស់ខ្លួន ហើយជ្រើសរើសមុខជំនួញធ្វើជាវិធីដើម្បីក្លាយទៅជាអ្នកមាន។ ចុះអ្នកវិញ តើអ្នកបានជ្រើសរើសអ្វី?

ភាពរីកចម្រើនទៅមុខឬថយក្រោយគឺជាជម្រើសរបស់អ្នក

មនុស្សគ្រប់គ្នាមិនអាចគេចផុតពីអាយុកាន់តែច្រើនវ័យកាន់តែជរាឡើយ។ ប៉ុន្តែការធ្វើឲ្យខ្លួនឯងរីកចម្រើនឬអត់ វាជាជម្រើសរបស់មនុស្សម្នាក់ៗ។ រាល់បទពិសោធន៍ទាំងអស់ ផ្នត់គំនិត ទំនាក់ទំនង និងអ្វីដែលអ្នកបានពើបប្រទះនៅក្នុងជីវិត គឺបានផ្តល់ឲ្យអ្នកនូវឱកាសជាច្រើនដើម្បីលូតលាស់បើទោះបីជាអ្វីៗទាំងនោះជារឿងវិជ្ជមាន ឬអវិជ្ជមានក៏ដោយ។

នៅពេលដែលអ្នកធ្វើការសម្រេចចិត្តយ៉ាងមុតមាំថា នឹងធ្វើឲ្យខ្លួនឯងរីកចម្រើនជារៀងរាល់ថ្ងៃ អ្នកចាប់ផ្តើមក្រសោបយកភាពស្រស់ស្អាត និងសេចក្តីអំណរដែលជីវិតបានផ្តល់ឲ្យអ្នក ។ គ្មានការពេញចិត្តណាប្រសើរជាងការការយល់ឃើញយ៉ាងជ្រៀលជ្រៅថា ខ្លួនឯងកំពុងរីកចម្រើនកាន់តែខ្លាំងឡើងៗនោះឡើយ។ ដោយសារតែ ភាពរីកចម្រើនវាជាម្រើសនោះហើយ ទើបធ្វើឲ្យមនុស្សភាគច្រើនជ្រើសរើសយកភាពងាយស្រួលសម្រាប់ខ្លួនឯង ហើយមិនផ្តោតលើការងារដែលធ្វើឲ្យខ្លួនឯងរីកចម្រើនរាល់ថ្ងៃបាន។

មានហេតុផលមួយដែលមនុស្សភាគច្រើនមិនប្តេជ្ញាចិត្តថា នឹងធ្វើឲ្យខ្លួនឯងរីកចម្រើនជាប្រចាំបាន ព្រោះចំណុចនេះទាមទារឲ្យពួកគេត្រូវដើរចេញពីទម្លាប់ស្រួលៗ ឬទីតាំងបច្ចុប្បន្នរបស់ពួកគេ។ អ្នកមិនអាចលូតលាស់បានទេនៅពេលដែលអ្នកជ្រើសរើសភាពងាយស្រួលមកធ្វើជាត្រីមុខរបស់អ្នក។ ការរៀនសូត្រជំនាញថ្មីៗ ការដុសខាត់សំលៀងជំនាញចាស់ៗឲ្យមុតស្រួចឡើងវិញ ការផ្លាស់ប្តូរដំណើរការគិត អានកាន់តែច្រើន ឬភ្ញាក់ពីព្រឹកព្រលឹម ហាត់ប្រាណឲ្យបានលឿនជាងមនុស្សធម្មតាទូទៅ ទាមទារឲ្យអ្នកត្រូវរំកិលខ្លួនផ្លាស់ប្តូរខ្លួនឯងឲ្យធ្វើអ្វីដែលអ្នកមិនធ្លាប់ធ្វើពីមុនមក។

អ្វីៗទាំងអស់ត្រូវចាប់ផ្តើមពីការសម្រេចចិត្ត

ដើម្បីធ្វើឲ្យខ្លួនអ្នកកាន់តែរីកចម្រើន និងអភិវឌ្ឍជារៀងរាល់ថ្ងៃ វាមិនមែនជារឿងចៃដន្យ និងកើតឡើងត្រឹមតែមួយយប់នោះឡើយ។ វាត្រូវចាប់ផ្តើមដោយការសម្រេចចិត្តដ៏រឹងមាំ និងត្រូវយកចិត្តទុកដាក់ឲ្យបានដិតដល់បំផុត។ លទ្ធផលគ្រប់បែបយ៉ាងដែលអ្នកបានទទួលក្នុងជីវិតរបស់អ្នក វាកើតឡើងពីជម្រើស និងការសម្រេចចិត្តរបស់អ្នក  ។ វាល្មមដល់ពេលហើយដែលអ្នកត្រូវធ្វើការសម្រេចចិត្តឲ្យជីវិតខ្លួនឯងមានភាពរីកចម្រើនជាប្រចាំ។ កុំចាំអ្នកដទៃមកដាស់តឿន! ត្រូវផ្តោតអារម្មណ៍ និង មានភាពម្ចាស់ការលើជីវិតខ្លួនឯង! កុំផ្តេកផ្តួលតាមព្រេងវាសនា! ត្រូវកសាងគុណតម្លៃជាច្រើននៅក្នុងជីវិតដែលជារបស់អ្នក៕

ចិត្តជាឫសគល់នៃសេចក្ដីសុខនិងទុក្ខ ចូររក្សាចិត្តអ្នកឲ្យល្អ​


ចិត្តជាឫសគល់នៃសេចក្ដីសុខនិងទុក្ខ ចូររក្សាចិត្តអ្នកឲ្យល្អ​

ចិត្តគឺជាឫសគល់នៃអ្វីៗគ្រប់យ៉ាង។ ចិត្តគឺជាអ្នកបញ្ជាឲ្យមនុស្សមួយចំនួនសម្លាប់ខ្លួន ហើយចិត្តនេះដដែលក៏ជាប្រភពនៃសេចក្ដីសុខរបស់មនុស្សមួយចំនួនផ្សេងទៀតដែរ។ ចិត្តគឺជាឫសគល់នៃសេចក្ដីទុក្ខនិងសេចក្ដីសុខទាំងប៉ុន្មានរបស់អ្នកទាំងអស់។ នៅលើលោកនេះគ្មានផ្លូវទាល់ច្រកនោះទេ តែគឺជាការគិតរបស់អ្នកខ្លួនឯងនេះឯងដែលទាល់ច្រក។ ការគិតរបស់អ្នកគឺជាអ្នកកំណត់ទៅលើជោគវាសនារបស់អ្នក។


ចិត្តរបស់មនុស្សភាគច្រើនមានភាពទន់ខ្សោយ វាងាយនឹងទទួលរងនូវការប៉ះទង្គិចពីរឿងខាងក្រៅ និយាយម្យ៉ាងទៀតថាអ្វីៗនៅក្នុងលោកនេះមិនមែនចេះតែទៅតាមចិត្តប្រាថ្នារបស់អ្នករហូតនោះទេ។ តាមពិតទៅភាគច្រើនបញ្ហាមិនមែនស្ថិតនៅខាងក្រៅនោះទេ តែគឺមកពីចិត្តខាងក្នុងរបស់អ្នកនេះឯង។ ចិត្តរបស់អ្នកចង់ឲ្យអ្វីមួយទៅជាបែបនេះ តែនៅពេលវាមិនប្រព្រឹត្តិទៅតាមអ្វីដែលចិត្តអ្នកចង់បាន នោះអ្នកក៏កើតក្ដីទោមនស្ស។ នៅពេលអ្នកមិនអាចផ្លាស់ប្ដូរស្ថានការណ៍ខាងក្រៅបាន នោះអ្នកត្រូវងាកមករកខាងក្នុងហើយផ្លាស់ប្ដូរការគិតរបស់ខ្លួនឯងវិញម្ដង។

នៅលើលោកនេះគ្មានផ្លូវទាល់ច្រកនោះទេ តែជាការគិតរបស់ខ្លួនឯងដែលទាល់ច្រក។ បើអ្នកប្ដេជ្ញាចិត្តថាចង់សម្រេចឲ្យបាននូវគោលដៅអ្វីមួយ ហើយអ្នកបែរជាមិនបានសម្រេចវា នោះអ្នកត្រូវផ្លាស់ប្ដូរវិធីសាស្ត្រដែលអ្នកបានប្រើប្រាស់ដើម្បីសម្រេចគោលដៅមួយនោះ។ វិធីដោះស្រាយបញ្ហាមានច្រើនណាស់។ បើរបៀបដោះស្រាយបញ្ហាមួយប្រើការមិនបាន នោះអ្នកអាចផ្លាស់ប្ដូរវិធីសាស្ត្រដោះស្រាយបញ្ហារបស់អ្នកទៅថ្មីមួយទៀតបាន។ អ្នកត្រូវមានការគិតទូលំទូលាយ មិនត្រូវជាប់គាំងនៅមួយកន្លែងជាមួយនឹងវិធីសាស្ត្រតែមួយក៏ដោយសារតែវាគឺជាវិធីសាស្ត្រដែលត្រូវបានគេប្រើមករហូតនោះទេ។

បើទោះជាអ្នកបរាជ័យច្រើនលើកច្រើនសារក៏ដោយ តែនៅពេលអ្នកបានឆ្លងកាត់រឿងរ៉ាវអស់ជាច្រើនមក នោះបទពិសោធន៍ទាំងនោះនឹងជួយអ្នកឲ្យស្គាល់ពីខ្លួនឯងកាន់តែស៊ីជម្រៅជាងមុន។ អ្នកចាប់ផ្ដើមកត់សម្គាល់ថាអ្វីជាចំណុចខ្សោយរបស់អ្នក អ្វីជាចំណុចខ្លាំងរបស់អ្នក។ បើកាលណាអ្នកស្គាល់ខ្លួនឯង នោះវាគឺជាជោគជ័យដ៏កម្រនិងមានតម្លៃខ្ពង់ខ្ពស់មួយនៅក្នុងជីវិតរបស់អ្នកហើយ ព្រោះមិនមានមនុស្សច្រើនទេដែលស្គាល់ពីខ្លួនឯង។

រឿងរ៉ាវនៅក្នុងលោកនេះគឺអាស្រ័យទៅលើការគិតរបស់អ្នកចំពោះវានោះទេ។ ហេតុនេះហើយអ្នកត្រូវចេះហ្វឹកហាត់ការគិតរបស់អ្នកកុំឲ្យទាល់ច្រក៕


អ្នកមិនអាចស្វែងរកសេចក្ដីសុខពិតបានឡើយ ប្រសិនបើអ្នកមិនព្រមផ្លាស់ប្ដូរការគិតចំពោះខ្លួនឯង


ពិតណាស់ពួកយើងកំពុងរស់នៅក្នុងជំនាន់មួយដែលបច្ចេកវិទ្យាមានភាពជឿនលឿន សម្ភារប្រើប្រាស់ទំនើបល្អៗ ម្ហូបអាហារឆ្ញាញ់ៗ ពោលគឺនៅជុំវិញខ្លួនយើងសុទ្ធតែជាគ្រឿងទាក់ទាញឥន្ទ្រីយ៍ទាំង៥ របស់យើងដែលមានការដឹងក្លិន ការឃើញ ការឮសំឡេង ការដឹងរសជាតិ និងការប៉ះ។ ភាពជឿនលឿននិងការផ្លាស់ប្ដូរទាំងអស់នោះពិតជាបានផ្ដល់ផលប្រយោជន៍ជាច្រើនបែបច្រើនយ៉ាងដល់ជីវិតរបស់យើងម្នាក់ៗមែន ក៏ប៉ុន្តែអ្នកមិនអាចស្វែងរកសេចក្ដីសុខពិតប្រាកដពីរបស់អស់ទាំងនោះបាននោះទេ។

មនុស្សយើងតែងតែសម្លឹងមើលអ្នកដទៃដែលស្ថានភាពរស់នៅរបស់ពួកគេប្រសើរជាងខ្លួន ហើយកើតទុក្ខក្រៀមក្រំតូចចិត្តនឹងវាសនារបស់ខ្លួនឯងដែលមិនបានខ្ពង់ខ្ពស់ប្រសើរដូចគេ។ ម្នាក់សម្លឹងទៅម្នាក់ទៀត ហើយម្នាក់ទៀតនេះក៏សម្លឹងទៅម្នាក់ដទៃទៀតតៗគ្នាគ្មានទីបញ្ចប់។ មនុស្សម្នាក់ៗតែងគិតថាគេមានសុភមង្គលជាងខ្លួនឯង ស្រណុកសុខស្រួលជាងខ្លួនឯង មានវាសនាល្អជាងខ្លួនឯង តែតាមពិតទៅបើអ្នកយល់ពីសច្ចធម៌នៃជីវិតមួយថាជីវិតនេះនរណាក៏មានទុក្ខដែរ នោះអ្នកនឹងលែងមើលឃើញជីវិតរបស់អ្នកនិងអ្នកដទៃក្នុងផ្លូវបែបនេះទៀតហើយ។

សេចក្ដីសុខមិនមែនរកមកពីខាងក្រៅនោះទេ តែវាកើតចេញមកពីខាងក្នុង។ ប៉ុន្តែនេះមិនមេនមានន័យថាអ្នកត្រូវតែឈប់ប្រើប្រាស់ទំនើបល្អៗ ញ៉ាំរបស់មិនឆ្ងាញ់ហើយប៉ះពាល់ដល់សុខភាព និងប្ដូរការរស់នៅរបស់ខ្លួនឯងមកឲ្យលំបាកវេទនាខុសទំនងនោះទេ។ បើអ្នកយល់ថាសេចក្ដីសុខកើតចេញពីខាងក្នុង នោះអ្នកនៅតែរស់នៅជីវិតរបស់អ្នកដដែល ធ្វើអ្វីដែលអ្នកគិតថាធ្វើឲ្យអ្នករីករាយជាងមុនដដែល ប៉ុន្តែប្រកបដោយសតិរលឹកខ្លួនឯងថាវាគ្រាន់តែផ្ដល់ក្ដីសុខដល់អ្នកបណ្ដោះអាសន្នប៉ុណ្ណោះ វាមិនបានផ្ដល់សេចក្ដីសុខពិតប្រាកដដល់អ្នកទេ ដូច្នេះអ្នកក៏មិនជាប់ជំពាក់នឹងវាដែរ ដល់ពេលវេលាមកដល់អ្នកនឹងយល់ថាសេចក្ដីសុខពិតជាមកពីខាងក្នុងយ៉ាងដូចម្ដេចមិនខាន។

ឃ្លាមួយដែលត្រូវបានដកស្រង់ចេញពីសៀវភៅ The Graveyard Book ដែលនិពន្ធដោយ Neil Gaiman បានសរសេរថា «មនុស្សដែលជឿថាពួកគេនឹងមានក្ដីសុខនៅពេលពួកគេទៅរស់នៅកន្លែងថ្មីណាមួយ នឹងបានរៀនសូត្រថាវាមិនមែនបែបនោះដូចអ្វីដែលពួកគេគិតនោះឡើយ។ មិនថាអ្នកទៅទីណាក៏ដោយ អ្នកនាំខ្លួនឯងទៅជាមួយជានិច្ច។» សេចក្ដីទុក្ខគឺកើតចេញមកពីខាងក្នុងខ្លួនអ្នក ពោលគឺកើតចេញមកពីផ្នត់គំនិតនៅខាងក្នុងខ្លួនអ្នកនេះឯង។ បើអ្នកផ្លាស់ប្ដូរការគិតរបស់អ្នក ផ្លាស់ប្ដូរការមើលឃើញរបស់អ្នកចំពោះពិភពលោក នោះអ្នកនឹងផ្លាស់ប្ដូរពិភពលោករបស់អ្នក។

សេចក្ដីសុខឬសេចក្ដីទុក្ខមិនសំខាន់ទៅលើអ្វីដែលកើតឡើងចំពោះអ្នកនោះឡើយ តែសំខាន់នៅលើការឆ្លើយតបរបស់អ្នកចំពោះហេតុការណ៍ដែលបានកើតឡើងក្នុងជីវិតរបស់អ្នក ឯការឆ្លើយតបរបស់អ្នកនេះឯងដែលជាលទ្ធផលកើតចេញពីផ្នត់គំនិតរបស់អ្នក។ ហេតុនេះហើយទើបបណ្ឌិតតែងដាស់តឿនអ្នកឲ្យរៀនស្គាល់ពីខ្លួនឯង៕

សម្រង់សម្ដី ១០ ឃ្លារៀបរាប់អំពីការធ្លាក់ចូលក្នុងអន្លង់ស្នេហ៍នរណាម្នាក់​


សម្រង់សម្ដី ១០ ឃ្លារៀបរាប់អំពីការធ្លាក់ចូលក្នុងអន្លង់ស្នេហ៍នរណាម្នាក់​

អារម្មណ៍ពេលធ្លាក់ចូលក្នុងអន្លង់ស្នេហ៍នរណាម្នាក់ អ្វីៗដូចជាការយល់សប្តិអ៊ីចឹង អ្នកមិនបានគិតអ្វីទាំងអស់ អ្នកមានអារម្មណ៍សប្បាយ រីករាយនៅពេលបានឃើញមុខគេ។ ប្រសិនបើមិនបានឃើញមុខគេទេ អារម្មណ៍អណ្ដែតអណ្ដូង ស្រមើស្រមៃចង់ជួបគេ ចង់ឮសម្លេងគេ ចង់និយាយរកគេ។  នៅពេលអ្នកធ្លាក់ចូលក្នុងអន្លងស្នេហ៍ អ្នកងប់ងល់នឹងគេខ្លាំង។ ខាងក្រោមនេះគឺជាសម្រង់សម្ដី ១០ ឃ្លារៀបរាប់អំពីការធ្លាក់ចូលក្នុងអន្លង់ស្នេហ៍៖

) នៅពេលខ្ញុំមើលទៅអ្នកខ្ញុំធ្លាក់ក្នុងអន្លង់ស្នេហ៍របស់អ្នក។ អ្នកញញឹមដាក់ខ្ញុំពីព្រោះអ្នកក៏ដឹងថាខ្ញុំលួចស្រលាញ់អ្នក។ 

) អ្នកដទៃប្រាប់ខ្ញុំថាដើម្បីធ្វើឲ្យនាងធ្លាក់ក្នុងអន្លង់ស្នេហ៍របស់ខ្ញុំ ខ្ញុំត្រូវធ្វើឲ្យនាងសើច ប៉ុន្តែរាល់ពេលដែលនាងសើច ខ្ញុំគឺជានាក់ធ្លាក់ក្នុងអន្លង់ស្នេហ៍របស់នាងវិញ។ 
) ក្នុងស្នាមញញឹមរបស់នាង ខ្ញុំមើលឃើញពីភាពស្រស់ស្អាតជាងផ្កាយនៅលើមេឃទៅទៀត។ 

) ការលង់ស្រលាញ់នាងគឺអារម្មណ៍ប្រៀបដូចជាការរាំទៅតាមចង្វាក់ភ្លេងនៃបេះរបស់នាង។ 

) ប្រសិនបើអ្នកសួរខ្ញុំថាហេតុអ្វីបានជាខ្ញុំស្រលាញ់គាត់ ខ្ញុំគ្មានអ្វីនឹងឆ្លើយក្រៅពីពាក្យថាគាត់គឺជាគាត់ ហើយខ្ញុំគឺជាខ្ញុំ។

) ខ្ញុំធ្វើឲ្យខ្លួនឯងរវល់ក្នុងកិច្ចការផ្សេងៗ ប៉ុន្តែរាល់ពេលខ្ញុំសម្រាកខ្ញុំតែងតែគិតអំពីអ្នក។ 

) ខ្ញុំសូមស្បថថាខ្ញុំមិនអាចស្រលាញ់អ្នកជាងពេលនេះនោះទេ ប៉ុន្តែខ្ញុំស្រលាញ់អ្នកកាន់តែខ្លាំងនៅថ្ងៃស្អែក។

) អ្នកគឺជាហេតុផល ក្ដីសង្ឃឹម ក្ដីសុបិន ដែលខ្ញុំមាន។ 

) ក្ដីស្រលាញ់របស់ខ្ញុំសម្រាប់អ្នកគ្មានជម្រៅនោះទេ ប៉ុន្តែព្រំដែនរបស់វាតែងតែវាតទីជានិច្ច។

១០) ទំនាញផែនដីមិនមែនជាហេតុផលដែលធ្វើឲ្យមនុស្សធ្លាក់ក្នុងអន្លង់ស្នេហ៍នោះទេ។ 

ការពិត ១០ យ៉ាងជាមូលដ្ឋានធ្វើឲ្យជីវិតរបស់អ្នកផ្លាស់ប្តូរ​


ការពិត ១០ យ៉ាងជាមូលដ្ឋានធ្វើឲ្យជីវិតរបស់អ្នកផ្លាស់ប្តូរ


លោកសូក្រាតធ្លាប់និយាយថាជីវិតដែលមិនបានត្រួតពិនិត្យឲ្យបានត្រឹមត្រូវ មិនសមមានតម្លៃនឹងការរស់នៅទេ ទស្សនៈរបស់សូក្រាតក៏ត្រូវបានយកទៅអនុវត្តចំពោះអាជីវកម្មផងដែរ។ គេនៅចាំបានថា នៅពេលលោក Eric Schmidt ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Google នៅឡើយ លោកធ្លាប់មានប្រសាសន៍ថាយើងដំណើការក្រុមហ៊ុននេះដោយឈរនៅលើចម្ងល់ មិនមែនចម្លើយទេ

យោងតាមការលើកឡើងរបស់បុគ្គលល្បីៗទាំងពីររូបខាងលើនេះ ការសាកសួរខ្លួនឯងឲ្យបានជាប្រចាំគឺជាអ្វីដែលអ្នកគួរធ្វើដើម្បីដឹងថា ជីវិតរបស់អ្នកដើរលើផ្លូវត្រឹមត្រូវឬអត់។ សេចក្តីពិតសំខាន់ៗជាច្រើនដែលកើតមាននៅក្នុងជីវិតមនុស្សម្នាក់ គឺត្រូវការការនិយាយវាចេញមក។ ការរកឃើញសេចក្តីពិតទាំងនេះហើយដែលធ្វើឲ្យជីវិតរបស់អ្នកស្គាល់ពីគុណតម្លៃនៃជីវិត។

ចង់បានភាពជោគជ័យដ៏អស្ចារ្យ ត្រូវឆ្លងកាត់ភាពបរាជ័យរាប់មិនអស់ជាមុនសិន
គ្មានឡើយភាពជោគជ័យពិតប្រាកដដរាបណាអ្នកមិនបានឆ្លងកាត់ភាពបរាជ័យ និងរៀនសូត្រពីវា។ កំហុសរបស់អ្នកបានជួយត្រួសត្រាយផ្លូវឲ្យអ្នកដើម្បីទទួលបានជោគជ័យពីព្រោះកំហុសទាំងនោះបានបង្ហាញអ្វីដែលអ្នកគួរធ្វើ និងមិនគួរធ្វើ។ សូមចាំថា  របកគំហើញដ៏ធំអស្ចារ្យនៃជីវិតអាចកើតមានឡើងនៅពេលដែលអ្នកជួបរឿងខកចិត្តទាំងឡាយ និងជីវិតស្ថិតនៅក្នុងភាពជាប់គាំង។ ជាមួយនឹងការអត់ធ្មត់ និងការតាំងចិត្តឲ្យរឹងមាំ អ្នកនឹងមានដំណោះស្រាយជានិច្ចរាល់ឧបសគ្គជីវិតទាំងនោះ។

ភាពរវល់មិនមែនមានន័យថា សុទ្ធតែមានផលិតភាពនោះទេ
សូមក្រឡេកមើលមនុស្សគ្រប់គ្នានៅជុំវិញអ្នក។ ពួកគេម្នាក់ៗហាក់ដូចជាមមាញឹកនឹងការងារពួកគេខ្លាំងណាស់។ អស់ពីការងារមួយទៅធ្វើការងារមួយមិនចេះចប់មិនចេះហើយ។ ប៉ុន្តែតើអ្នកទាំងនោះអាចសម្រេចកិច្ចការរបស់ពួកគេប្រកបដោយផលិតភាពប៉ុន្មានដង? តើពួកគេអាចទទួលបានជោគជ័យក្នុងកំរិតកំពូលដែរឬអត់? ការពិតគឺថា ជោគជ័យមិនមែនអាស្រ័យលើសកម្មភាពដ៏មមាញឹករបស់អ្នកប៉ុណ្ណោះទេ។ វាបានមកពីការយកចិត្តទុកដាក់ ពីការធានាថាពេលវេលារបស់អ្នកត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងមានផលិតភាព។ មនុស្សម្នាក់ៗមាន ២៤ម៉ោងដូចគ្នា ក៏ប៉ុន្តែសូមប្រើពេលវេលារបស់អ្នកដោយឈ្លាសវៃ។

ជីវិតអ្នកល្អកម្រិតណាអាស្រ័យលើមនុស្សដែលអ្នកទំនាក់ទំនង
ទោះស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ អ្នកគួរបង្កើតបណ្តាញទំនាក់ទំនងឲ្យរឹងមាំជាមួយមនុស្សល្អៗ ពីព្រោះពួកគេអាចជួយបំផុតសគំនិតរបស់អ្នកឲ្យក្លាយទៅជាមនុស្សល្អដូចពួកគេដែរ។ ប៉ុន្តែចុះអ្នកនឹងធ្វើយ៉ាងណាចំពោះមនុស្សដែលទាញទម្លាក់អ្នក? ហេតុអ្វីបានជាអ្នកអនុញ្ញាតឲ្យមនុស្សជំពួកនេះក្លាយជាផ្នែកមួយនៃជីវិតរបស់អ្នក? អ្នកត្រូវដឹងថា នរណាក៏ដោយដែលធ្វើឲ្យអ្នកមានអារម្មណ៍ថា គ្មានតំលៃ ហត់នឿយ ឬមិនលើកទឹកចិត្តដល់អ្នក អ្នកមិនគួរចំណាយពេលឥតប្រយោជន៍ជាមួយមនុស្សប្រភេទនេះទេ។ ជីវិតអ្នកខ្លីណាស់ ហេតុដូច្នេះហើយអ្នកគួរចំណាយវាជាមួយមនុស្សល្អៗប្រសើរជាង។

ជីវិតអ្នក គឺជាអ្នកបង្កើត
អ្នកមិនមែនជាជនរងគ្រោះនូវរាល់ស្ថានភាពទាំងអស់នោះទេ។ គ្មាននរណាម្នាក់អាចមកបង្ខំអ្នកឲ្យធ្វើការសម្រេចចិត្ត និងធ្វើតាមនូវអ្វីដែលផ្ទុយពីតម្លៃ និងការចង់បានរបស់អ្នកឡើយ។ លទ្ធផលដែលអ្នកកំពុងរស់នៅសព្វថ្ងៃនេះ វាគឺជាកម្មសិទ្ធិរបស់អ្នកផ្ទាល់ ហើយមានតែអ្នកប៉ុណ្ណោះដែលបានបង្កើតវាឡើង។ ដូចគ្នានេះដែរ អនាគតរបស់អ្នក ក៏វាអាស្រ័យលើអ្នកទាំងស្រុង។ ប្រសិនបើអ្នកមានអារម្មណ៍ថា ជីវិតអ្នកមានភាពរអាក់រអួល នេះប្រហែលជាមកពីអ្នកមានភាពភ័យខ្លាចទៅនឹងហានិភ័យចំពោះមុខអ្នកច្រើនពេកហើយ។ យ៉ាងណាក៏ដោយ សូមចាំថា ទោះជាគោលដៅជីវិតរបស់អ្នកជាអ្វី មុននឹងឡើងដល់ចំណុចកំពូល ត្រូវចាប់ផ្តើមពីជំហានទាបបំផុតជាមុនសិន។

ភាពភ័យខ្លាចគឺជាមេរោគទី១ដែលធ្វើឲ្យជីវិតអ្នកមានភាពសោកស្តាយ
នៅពេលដែលអ្វីត្រូវបានកន្លងផុតទៅ  អ្នកនឹងទួញយំសោកនូវឱកាសជាច្រើនដែលអ្នកមិនស្រវាចាប់យក។ នេះដោយសារតែអ្នកធ្វើឲ្យជីវិតអ្នកចុះញមនឹងភាពភ័យខ្លាច។ សំនួរដ៏សំខាន់នៅពេលនេះគឺថា តើអ្វីទៅដែលជារឿងអាក្រក់បំផុតអាចកើតឡើងចំពោះអ្នក? តើវាអាចសម្លាប់អ្នកបានទេ? ការពិតការស្លាប់មិនមែនជារឿងអាក្រក់បំផុតចំពោះអ្នកនោះទេ។ អ្វីដែលអាក្រក់បំផុតគឺថា គឺជំងឺភ័យខ្លាចដែលធ្វើឲ្យខ្លួនឯងស្លាប់ទាំងជីវិតកំពុងរស់។

អ្នកមិនចាំបាច់រង់ចាំការសុំទោសពីនរណាម្នាក់នោះទេ
ជីវិតអ្នកកាន់តែរលូននៅពេលដែលអ្នកមិនចងគំនុំ ហើយអភ័យទោសឲ្យពួកគេ បើទោះបីជាពួកគេបានប្រព្រឹត្តកំហុស ហើយមិនបានសុំទោសអ្នកក៏ដោយ។ ការចងស្អប់ ការចងគំនុំ ឬកំហឹងនៅក្នុងខ្លួន នឹងធ្វើឲ្យជីវិតរបស់អ្នកបាត់បង់សុភមង្គល។ វាជាមេរោគដែលបំផ្លាញសេចក្តីសុខក្នុងជីវិតរបស់អ្នក។ សូមកុំបន្តដាក់ទោសខ្លួនឯងជាមួយនឹងការរង់ចាំការសុំទោសពីនរណាម្នាក់។ ធ្វើវាដោយខ្លួនឯង ហើយបំភ្លេចវាចោលចេញពីជីវិតរបស់អ្នក។

រស់នៅជាមួយបច្ចុប្បន្នកាលរបស់អ្នក
ជីវិតរបស់អ្នកមើលទៅមិនអាចឈានដល់ដំណាក់កាលភ្លឺស្វាងរហូតបានទេ ដរាបណាអ្នកមិនរៀនរស់ជាមួយនឹងជីវិតបច្ចុប្បន្នកាលរបស់អ្នក។ គ្មានអ្វីមួយដែលអាចផ្លាស់ប្តូរកំហុសអតីតកាលរបស់អ្នកបានទេ ហើយការព្រួយបារម្ភណាមួយនូវអ្វីដែលមិនទាន់កើតមានឡើងក៏មិនអាចធ្វើឲ្យអ្នកផ្លាស់ប្តូរនៅពេលអនាគតបានដែរ។ អ្វីដែលធ្វើឲ្យជីវិតរបស់អ្នកមានថាមពល និងមានន័យ គឺរស់នៅរីករាយនឹងការពិតដែលកើតមានចំពោះមុខអ្នកនៅថ្ងៃនេះ។

តម្លៃរបស់អ្នកត្រូវផ្តើមចេញពីក្នុងខ្លួនអ្នកមកមុន
នៅពេលអារម្មណ៍ដ៏រីករាយ និងការពេញចិត្តរបស់អ្នកបានមកពីការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ នោះមានន័យថា អ្នកលែងជាម្ចាស់នៃជោគវាសនារបស់អ្នកទៀតហើយ។ នៅពេលអ្នកមានអារម្មណ៍ល្អនូវអ្វីដែលអ្នកបានធ្វើ សូមកុំអនុញ្ញាតឲ្យសម្តី ឬសមិទ្ធិផលរបស់នរណាម្នាក់ឆក់សេចក្តីសុខទាំងនោះចេញពីអ្នក។ អ្នកនឹងមិនអាចបិទមាត់របស់ពួកគេបានទេ ហើយអ្នកក៏មិនចាំបាច់ប្រៀបធៀបខ្លួនឯងទៅនឹងពួកគេដែរ។ មិនថាមនុស្សទាំងនោះកំពុងគិតអ្វីពីអ្នក អ្នកត្រូវដឹងថា តម្លៃរបស់អ្នកគឺត្រូវផ្តើមឡើងចេញពីខ្លួនអ្នក។  ខ្លួនអ្នកល្អ ឬអាក្រក់មិនមែនដោយសារតែការយល់ឃើញរបស់ពួកគេនោះទេ។

ជីវិតមនុស្សម្នាក់ៗខ្លីណាស់
គ្មាននណាម្នាក់អាចធានាបានចំពោះជីវិតដែលនឹងកើតមាននៅថ្ងៃស្អែកបានទេ។ ទោះយ៉ាងណា នៅពេលមាននរណាម្នាក់បានស្លាប់ដោយមិនអាចមើលឃើញជាមុនបាន វាជំរុញឲ្យអ្នកគិតថា តើអ្វីទៅដែលសំខាន់សម្រាប់អ្នក? តើអ្នកត្រូវចំណាយពេលវេលារបស់អ្នកដោយរបៀបណា? តើអ្នកគួរប្រព្រឹត្តបែបណាចំពោះអ្នកដទ? ហេតុដូច្នេះហើយសូមចំណាយពេលរបស់អ្នកឲ្យដូចថ្ងៃនេះជាថ្ងៃចុងក្រោយ។ ធ្វើឲ្យថ្ងៃនេះជាថ្ងៃអស្ចារ្យបំផុតមួយក្នុងជីវិតរបស់អ្នក។ ក៏ប៉ុន្តែ ថ្ងៃដ៏អស្ចារ្យមួយអាចកើតមានឡើងក៏ត្រូវចាប់ផ្តើមជាមួយនឹងគំនិតដ៏អស្ចារ្យដែរ។

១០ គ្មានអ្វីអាចបញ្ឈប់ការផ្លាស់ប្តូរបានទេ អ្នកត្រូវតែទទួលយក
មានតែការទទួលស្គាល់ការផ្លាស់ប្តូរប៉ុណ្ណោះដែលអាចធ្វើឲ្យអ្នកមើលឃើញពីឱកាសល្អនៅក្នុងការផ្លាស់ប្តូរនោះ។  ប៉ុន្តែអ្នកត្រូវមានគំនិតបើកចំហ និងបើកចិត្តឲ្យទូលាយជាមុនសិន ប្រសិនបើអ្នកចង់ទទួលស្គាល់ និងទាញយកឱកាសទាំងនោះ។ អ្នកនឹងបរាជ័យនៅពេលដែលអ្នកធ្វើអ្វីៗដដែលដោយសង្ឃឹមថា ការមិនអើពើនឹងការផ្លាស់ប្តូរនឹងធ្វើឲ្យជីវិតរបស់អ្នកផ្លាស់ប្តូរជាងនេះ។  ជីវិតអ្នកមិនអាចឈប់សម្រាកនៅមួយកន្លែងឡើយ។ នៅពេលអ្វីៗធ្វើដំណើរទៅដោយរលួន  សូមឲ្យតម្លៃដល់វា និងរីករាយជាមួយនឹងវា៕